ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវ

ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវ

Servings

2

Calories in serving

250

Prep

15 min

Cook

15 min

ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវគឺជាទឹកជ្រលក់យ៉ាងដែលជាមុខម្ហូបសំខាន់មួយរបស់ជនជាតិខ្មែរ​។ ម្ហូបខ្មែរ​ភាគច្រើនប្រើ​ប្រហុក​ដើម្បីបន្លែមរសជាតិឲ្យកាន់តែឆ្ងាញ់។ ​ ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវគឺជាម្ហូបដែលធ្វើពីប្រហុក​​ បង្គានិងត្រប់។

ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវ

ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវ

ផ្លែត្រប់ខៀវគឺជាត្រប់ម្យ៉ាងមានរាងតូចៗមានទំហំប៉ុនត្បូងខ្ចងនិងផ្លែជាកញ្ចុម មានរាងជាវ័ល្សដូចដើមទំពាំងបាយជូរ វាមានគ្រាប់ជាច្រើនហើយវាមានរសជាតិចត់តិចៗ ដែលប្រជាជនខ្មែរចូលចិត្តដាក់ក្នុងសម្ល សម្លការី​ និងម្ហូបផ្សេងៗ ជាពិសេដូចជា ប្រហុកខ្ទិះបង្គាជាមួយត្រប់ខៀវខ្ចីនេះឯង។ ប្រហុកខ្ទិះបង្គាពេញនិយមបំផុតសំរាប់ប្រជាជននៅតាមជនបទ គេតែងតែពិសារជាមួយបន្លែស្រស់ជាច្រើនមុខ។

គ្រឿងផ្សំ

- ត្រប់ខៀវចំនួនកន្លះខាំ បេះត្រប់ចេញពីចង្កោមរួចលាងទឹកឲ្យស្អាត
- ប្រេងឆាចំនួន២ស្លាបព្រា
- ខ្ទឹមសចំនួន៤ក្លែបហាន់ឲ្យម៉ត់
- ស្លឹកគ្រៃស្រស់ហាន់រួចចំនួនពាក់កណ្តាលកែវតូចឬប្រើស្លឹកគ្រៃកញ្ចប់គ្រាមក៏បាន
- ម្ទេសចិញ្ចាំមចំនួន៦ផ្លែយោងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក
- បង្គាកន្លះខាំ បកសំបកលាងឲ្យស្អាតរួចកិនឲ្យម៉ត់
- ទឹកត្រី១ស្លាបព្រា
- ស្ករស១ស្លាបព្រា
- ទឹក១កែវ
- ប្រហុក១ស្លាបព្រា
- ខ្ទិះដូងចំនួន១ចានគោមតូច
- ក្រូចឆ្មា១ផ្លែ ហាន់ជាបន្ទះស្តើងៗ

របៀបធ្វើ

  1. អាំងត្រប់ខៀវនឹងធ្យូងរហូតដល់សំបកប្រែទៅជាត្នោត រួចប្រើត្បាល់និងអង្រែបុកត្រប់អាំងនេះឲ្យបែកហើយទុកនៅម្ខាង
  2. កំដៅកូនឆ្នាំងខ្ទះ
  3. ពេលដែលកូនឆ្នាំងខ្ទះក្តៅ ដាក់ខ្លាញ់ ខ្ទឹមស ស្លឹកគ្រៃ ម្ទេសនិងបង្គារួចកូរឲ្យស៊ប់ល្អ
  4. ដាក់ទឹកត្រីនិងស្កររួចកូរឲ្យស៊ប់
  5. ដាក់ទឹក ទឹកប្រហុក ខ្ទិះដូងនិងត្រប់បុករួចហើយកូរនិងរំងាស់រហូតដល់ទឹកគ្រឿងពុះ
  6. ពិសារនៅពេលក្តៅៗជាមួយបាយនិងបន្លែស្រស់ឬបន្លែចង្អិនហើយក៏បាន ប្របាច់ក្រូចឆ្មារថែមកាន់តែឆ្ងាញ់

អន្លក់ប្រហុកខ្ទិះ

  • ស្ពៅក្តោប
  • ត្រសក់
  • សណ្តែកកួរ
  • ពោតបារាំង
  • បន្លែផ្សេងៗទៀតតាមចំណង់ចំណូលចិត្ត

កត់សម្គាល់

មានអ្នកខ្លះចូលចិត្តជ្រលក់បន្លែស្រស់ៗជាមួយប្រហុកខ្ទិះត្រប់ខៀវផ្ទាល់។ បន្លែស្រស់ដែលគេនិយមបរិភោគរួមមាន៖ ស្ពៃចិន ស្ពៃក្រញ៉ាញ់ ជីពងទាកូន ជីរណា ម្រះ ត្រសក់និង ចេកខ្ចីនិងបន្លែផ្សេងជាច្រើនមុខផ្សេងទៀត។

អ្នកខ្លះទៀតចូលចិត្តពិសារជាមួយសាច់ជ្រូកបីជាន់និងបន្លែស្រស់ដោយរំុជាមួយនំចាងជ្រលក់ផ្ទាល់ជាមួយប្រហុកខ្ទិះបង្គាត្រប់ខៀវតែម្តង។

Share & Print

Favorite

No Comments

Leave a Reply